បំបាត់ និងបង្ការបញ្ហាទល់លាមក តាមបែបធម្មជាតិ ដោយគ្រាន់តែធ្វើដូចនេះ
ជាធម្មតា អាការៈទល់លាមក គឺកើតមានឡើងនៅពេលចលនាពោះវៀនជួបការពិបាក ហើយស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ ដើម្បីជៀសវាងការបង្កទៅជាជាតិពុលនានាផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភក្នុងរាងកាយ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាទល់លាមក ឬចង់បង្ការបញ្ហានេះកុំឲ្យកើតឡើង ចូរបន្តអានដោយយកចិត្តទុកដាក់។
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិទប់ទល់ ក៏ដូចជាព្យាបាលបញ្ហាទល់លាមក តាមរយៈការទទួលទាន និងទម្លាប់ប្រចាំថ្ងៃ ៖
១. ក្រូចឆ្មារ
អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង រួចទទួលទានភេសជ្ជៈនេះដើម្បីធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរ និងសកម្ម។
២. កាហ្វេ
ការទទួលទានកាហ្វេ គឺមិនត្រឹមតែជួយឲ្យអ្នកមានថាមពលអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យការរំលាយអាហារមានចលនាសកម្មប្រសើរផងដែរ។ គ្រាន់តែត្រូវប្រាកដថា អ្នកមិនទទួលទានច្រើនហួសកម្រិតពេក ក៏ព្រោះវាអាចធ្វើឲ្យរាងកាយខ្សោះជាតិទឹកបង្កអាការៈទល់លាមក។
៣. ផ្លែចេក
មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងប៉ូតាស្យូម ដែលសម្រួលដល់ការរំលាយអាហារធ្វើឲ្យអ្នកបត់ជើងបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែចេកអោយបាន ១ ក្នុងមួយថ្ងៃ ដើម្បីជៀសឆ្ងាយពីបញ្ហាទល់លាមក។
៤. ផ្លែព្រូន
មិនថាទទួលទានផ្លែ ឬទឹកផ្លែព្រូននោះទេ គឺសុទ្ធតែផ្ដល់លទ្ធផលល្អប្រសើរចំពោះការដោះស្រាយបញ្ហាពិបាកក្នុងការបត់ជើងធំ។ ផ្លែឈើប្រភេទនេះ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសសៃ និងសារធាតុ sorbitol ដែលជួយបន្ទន់លាមក។ ដូច្នេះដើម្បីបង្ការ ក៏ដូចជាព្យាបាលបញ្ហាទល់លាមក ចូរទទួលទានទឹកផ្លែព្រូនឲ្យបាន ២ កែវ ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់។
៥. យ៉ាអ៊ួរ
Gut flora ឬពពួកបាក់តេរីការពារភ្នាសពោះវៀន និងជួយរំលាយអាហារ គឺត្រូវតែមានសុខភាពល្អ ដើម្បីទប់ស្កាត់បញ្ហាទល់លាមក ឬរាក។ នៅពេលបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនគ្មានតុល្យភាព នោះបញ្ហាទាក់ទងការរំលាយអាហារប្រាកដជាកើតឡើង។ វិធីដ៏ល្អបំផុតដើម្បីនាំយកនូវតុល្យភាពនៃ Gut flora ត្រឡប់ទៅដូចប្រក្រតីវិញបាន គឺការទទួលទានយ៉ាអ៊ួរសុទ្ធគ្មានលាយគ្រឿងផ្សំបន្ថែមរសជាតិឲ្យបានពី ១ ទៅ ៣ ពែង ក្នុងមួយថ្ងៃ។ ទទួលទាន ១ នៅពេលព្រឹក ហើយនៅសល់ទុកទទួលទានជាអាហារសម្រន់។
៦. ប្រកាន់ខ្ជាប់ទម្លាប់ល្អមួយ
ប្រសិនបើអ្នកចង់សម្រាលអាការៈ ឬបង្ការបញ្ហាទល់លាមកកុំឲ្យកើតឡើង ការប្រកាន់ខ្ជាប់នូវទម្លាប់ល្អមួយ គឺជាវិធីដ៏ងាយ ហើយមានប្រសិទ្ធិភាពបំផុត។ អ្នកត្រូវកំណត់ពេលសម្រាប់ពោះវៀនរបស់អ្នកយ៉ាងហោចណាស់ ៣ ដង ក្នុងមួយថ្ងៃ ទោះបីជានៅពេលគ្មានអ្វីចេញមកក៏ដោយ។ អ្នកគ្រាន់តែស្ងប់អារម្មណ៍ផ្ដល់ភាពធូរស្រាលដល់ខ្លួនឯង ហើយរាងកាយរបស់អ្នកក៏នឹងយល់ធ្វើបាន៕
No comments:
Post a Comment