Thursday, October 1, 2015

«បើដឹងមុន….» ជាពាក្យដែលធ្វើអោយ អ្នករឹតតែឈឺចាប់!

«បើដឹងមុន….» ជាពាក្យដែលធ្វើអោយ អ្នករឹតតែឈឺចាប់!

ព្រោះតែស្រលាញ់អ្នក គេបានកែចរឹតរឹងរុសរបស់គេ។ ព្រោះតែស្រលាញ់អ្នក គេបានយកចំណង់ចំណូលចិត្តរបស់អ្នក ធ្វើជាចំណងចំណូលចិត្តរបស់គេ។ ស្រលាញ់មនុស្សគ្មានមូលហេតុទេ ក៏មិនស្តាយក្រោយនូវការលះបង់ទាំងនោះដែរ ព្រោះគេយល់ថាគឺសក្តិសមណាស់ អោយតែបាននៅជាមួយមនុស្សដែលគេស្រលាញ់។
ការពិតទៅមនុស្សយើងតែងតែយល់ថា មានមនុស្សម្នាក់ដែលយើងស្រលាញ់គឺគ្រប់គ្រាន់ហើយ។ គេតែងតែរកនឹកធ្វើបែបណាអោយអ្នកសប្បាយចិត្ត ធ្វើបែបណាទើបអ្នកមិនអន់ចិត្តនឹងគេ។ ពេលខ្លះមនុស្សជុំវិញខ្លួនគេក៏បានលួចស្រលាញ់គេដែរ ហើយគេក៏ដឹងដែរ ប៉ុន្តែដោយសារតែគេស្រលាញ់អ្នក ទើបគេនៅស្ងៀមធ្វើមិនដឹង ថាមានគេលួចស្រលាញ់ ព្រោះគេខ្លាចអ្នកអន់ចិត្ត រឺមិនសប្បាយចិត្ត។ ប្រសិនបើនៅជិតអ្នកមានមនុស្សបែបនេះហើយ សុំថែរក្សាគេទុក ព្រោះការយកចិត្តទុកដាក់ដ៏តូចតាចរបស់អ្នក ចំពោះគេអាចធ្វើអោយគេរំភើប។
ជាធម្មតាបេះដូងរបស់មនុស្សស្រីគឺងាយនឹងរងរបួសណាស់ ដូច្នេះហើយកុំនិយាយអ្វីដែលអាចធ្វើអោយនាងឈឺចាប់ ប្រសិនបើអ្នកធ្វើអោយក្តីសង្ឃឹមរបស់នាងបាត់បង់ បាក់ទឹកចិត្ត មិនសប្បាយចិត្ត ពិបាកចិត្ត នាងងាយនឹងបង្ហូរទឹកភ្នែក និង គិតរឿងផ្តេសផ្តាសខ្លាំងណាស់។ រាល់ពេលដែលនាងមិនសប្បាយចិត្ត នាងតែងសង្ឃឹមថាអ្នកនឹងសួរនាំនាងមុនគេ។ នាងក៏តែងតែសង្ឃឹមថាអ្នកនៅក្បែរនាង លួងលោមនាង និង និយាយពាក្យសុំទោសបងមិនល្អ បងធ្វើអោយអូនពិបាកចិត្ត។ ពេលខ្លះមនុស្សយើង ពេលដែលមានអ្វីនៅនឹងដៃ មិនដែលយល់ថាល្អនោះទេ តែងតែទុកចោល រឺមើលរំលង ទៅស្រវ៉ាអ្វីដែលឆ្ងាយពីដៃ ប៉ុន្តែពេលដែលបាត់បង់ហើយទើបភ្ញាក់ខ្លួនថា ស្តាយខ្លាំងណាស់ដែលមិនទុកដាក់អោយត្រឹមត្រូវ។ មកពីការធ្វេសប្រហែស ទើបបាត់បង់។ រឿងកុនដែលរំលងមិនបានមើល អាចមើលម្តងទៀតបាន ពេលដែលគេចាក់ផ្សាយម្តងទៀត ប៉ុន្តែស្នេហាដែលដើររំលងហើយ ប្រហែលជាមិនអាចសារដើមឡើងវិញបានទេ។
នៅលើលោកយើងនេះ​មនុស្សម្នាក់ៗសុទ្ធតែចង់ស្វែងរក មនុស្សដែលចេះយល់ចិត្ត ចេះនិយាយរឿងកំប្លែង ប៉ុន្តែអ្នកខ្លះពេលដែលរកបានហើយ នៅជាមួយគ្នាបានតែបន្តិច ស្រាប់តែមានអារម្មណ៍ថាធុញទ្រាន់ខ្លាំងណាស់ គេនៅខ្វះចំណុចនេះ នៅខ្វះចំណុចនោះ។ គិតចង់រកមនុស្សថ្មីទៀតហើយ ពេលដែលបានថ្មី ក៏ចាប់ផ្តើមប្រៀបធៀបជាមួយអ្នកចាស់ទៀត ថាអ្នកចាស់មានចំណុចនេះ អ្នកថ្មីខ្វះនេះខ្វះនោះ គិតចង់បកត្រលប់ក្រោយ។ ភាពល្ងីល្ងឺរបស់អ្នក ជាហេតុធ្វើអោយអ្នកស្តាយក្រោយជាខ្លាំង។ អ្នកត្រូវចាំថានៅលើលោកនេះ គ្មានអ្វីដែលដូចគ្នានោះទេ ហើយក៏មិនអាចយកមកប្រៀបធៀបគ្នាបាន។ នៅលើលោកនេះគ្មានអ្វីដែលអាចបានដូចចិត្តយើងទាំង ១០០ នោះទេ។ គេខ្វះតែអ្នកអាចបំពេញអោយគេបាន ចំណែកអ្នកក៏មិនប្រាកដថាល្អគ្រប់ដបដែរ ប៉ុន្តែគេសុខចិត្តនៅជាមួយអ្នក ទោះអ្នកខ្វះខាតក៏ដោយ ព្រោះគេយល់ថាគេអាចបំពេញចំណុចខ្វះខាតអោយអ្នកបាន។ តាមការពិតទៅជីវិតដែលមិនទាន់ឆ្លងកាត់ រឿងស្នេហា រឿងឈឺចាប់ រឿងខកចិត្ត គឺជាជីវិតដែលមិនទាន់ពេញលេញទេ។ មិនទាន់ឆ្លងកាត់ការឈឺចាប់ គឺមិនទាន់ជ្រាលជ្រៅទេ។ ស្នេហា និង ការងារ អាចធ្វើអោយជីវិតកាន់តែមានន័យ។ ការធ្លាប់ឆ្លងកាត់ការឈឺចាប់ អាចធ្វើអោយស្នេហាកាន់តែមានការប្រុងប្រយ័ត្ន និង រឹងមាំ។ មនុស្សជាច្រើននៅពេលដែលជួបរឿងខូចចិត្ត បាត់បង់ស្នេហា តែងនិយាយថា «បើដឹងមុន» ខ្ញុំមិនជ្រើសរើសយកគេទេ។ សួរថាចុះអ្នកណាដែលអាចដឹងមុននោះ? ពេលដែលអ្នកជួបរឿងខូចចិត្ត គួរកុំប្រើពាក្យនេះអី ព្រោះវាមិនអាចស្រោចស្រង់អ្វីបាននោះទេ។ ហើយក៏មានមនុស្សខ្លះតែងយកពាក្យ «បើដឹងមុន» មកដាក់ក្នុងខ្លួន​ ធ្វើអោយខ្លួនរឹតតែមានសំពាធ មិនអាចដើរទៅមុខបាន។ អ្នកខ្លះបានបន្ទោសខ្លួនឯងថា៖
– បើដឹងមុនថាពេលដែលខ្ញុំបែកពីអ្នកហើយ ធ្វើអោយខ្ញុំស្តាយក្រោយ និង​ ឈឺចាប់ដូចពេលនេះ ខ្ញុំច្បាស់ជាមិនលែងដៃអ្នកទេ។
– បើដឹងមុនថាការធ្វេសប្រហែសមួយនោះ ធ្វើអោយខ្ញុំមានសភាពរស់នៅដូចពេលនេះ ខ្ញុំក៏នឹងការពារអោយដល់ទីបំផុត។
– បើដឹងមុនថា អ្នកគ្រាន់តែចង់បានពាក្យលួងលោមរបស់ខ្ញុំ រាល់ពេលដែលយើងឈ្លោះគ្នានោះ ខ្ញុំនឹងលួងលោមអ្នក ខ្ញុំនឹងសុំទោសអ្នក មិនអោយអ្នកចាក់ចេញទេ។
អ្វីទាំងនេះគ្រាន់តែជារឿងដែលភ្ញាក់ខ្លួន នៅពេលដែលអ្វីៗហួសពេលតែប៉ុណ្ណោះ។ ប្រសិនជាគេមិនចាក់ចេញពីអ្នកទេ អ្នកក៏ប្រហែលជានៅតែមិនដឹងរហូតហើយ។ បន្ទោសខ្លួនឯងធ្វើអ្វី? មានប្រយោជន៍អ្វី នៅពេលដែលអ្នកនិយាយពាក្យ «បើដឹងមុន»​ នោះ?​ មនុស្សដែលអ្នកធ្វើអោយខូចចិត្តម្នាក់នោះ លែងមានរូបរាងក្នុងពិភពរបស់អ្នកបាត់ទៅហើយ។ ចាំទៅថាដោយសារតែអ្នកមិនដឹងមុននេះហើយទើបបាត់បង់គេ ដូចនេះលើកក្រោយអ្នកគួរតែចេះថែរក្សានៅពេលដែលអ្នកជួបអ្នកថ្មី។ អ្នកមានបទពិសោធន៍ឈឺចាប់រួចហើយ ដូច្នេះគួរតែចេះយកវាមកប្រើប្រាស់ទៅ។
បើអ្នកដឹងថាមនុស្សដែលអ្នកធ្លាប់ធ្វើអោយខូចចិត្តមានសុភមង្គលហើយ អ្នកគ្រាន់តែជូនពរគេទៅ។
ពាក្យ «បើដឹងមុន» ច្រើនលេចឡើង ក្រោយពេលដែលមនុស្សពីរបែកគ្នា ប៉ុន្តែគួរអោយស្តាយណាស់វាគ្មានន័យទៀតទេ ព្រោះគ្រប់យ៉ាងមិនអាចត្រឡប់ក្រោយឡើយ។
ដូច្នេះសំឡាញ់ទាំងឡាយអើយ បើអ្នកកំពុងមានមនុស្សដែលគួរអោយធុញម្នាក់នោះ នៅរអ៊ូជិតត្រចៀករបស់អ្នក អ្នកគួរតែថែរក្សាគេទុកទៅ។ ស្នេហាក៏ដោយ មិត្តភក្តិក៏ដោយ សាច់ញាត្តិក៏ដោយ មនុស្សដែលយកចិត្តទុកដាក់នឹងអ្នកបំផុត កុំចេះតែទុកគេចោលមួយកន្លែងមិនខ្វល់ពីគេអី។ ពេលដែលបាត់បង់ទៅ ទោះយំទោះស្រែកក៏មិនអាចជួយអ្វីបានដែរ។
សង្ឃឹមថាអ្នកទាំងអស់គ្នា អាចថែរក្សាសុភមង្គលដែលនៅជុំវិញខ្លួនអ្នក។ ផ្តល់ក្តីស្រលាញ់ និង ភាពរីករាយអោយគេវិញ៕
មតិយោបល់របស់ប្រិយមិត្ត

No comments:

Post a Comment